Excessive sweating is an illness and can be treated!

Friday, June 6, 2014

តើគ្រិស្តម៉ាសជាអ្វី?
គ្រិស្តម៉ាស គឺជាថ្ងៃបុណ្យ ដែលគ្រិស្តសាសនិកនាំគ្នាប្រារព្ធ បុណ្យកំណើតរបស់ព្រះ យេស៊ូ គ្រិស្ត។ គ្រិស្តម៉ាស គឺជាថ្ងៃបុណ្យធំជាងគេបំផុត ឈរនៅលំដាប់ទីមួយ ឬទីពីរ នៅលើប្រតិទិនគ្រិស្ទាន។ ថ្ងៃបុណ្យធំមួយទៀត គឺថ្ងៃបុណ្យ Easter ដែលរំលឹកអំពីការរស់ឡើងវិញ នៃព្រះគ្រិស្ត ដែលបន្ទាប់ពីត្រូវបានពិឃាត នៅលើឈើឆ្កាងរបស់ពួករ៉ូម៉ាំង

ថ្ងៃកំណើតពិតប្រាកដ របស់ព្រះយេស៊ូ ត្រូវបានគេជឿថា នៅក្នុងខែមេសា។ ពួកគ្រិស្ទាន ជំនាន់ដំបូង បានជ្រើសរើសយកថ្ងៃទី ២៥ ខែធ្នូ គឺដើម្បីស្របគ្នានឹងថ្ងៃបុណ្យ Saturnalia របស់បុរាណរ៉ូម៉ាំង។ ប្រពៃណីដ៏ធំបំផុតនៃបុណ្យ Saturnalia គឺការជូនអំណោយ និងធ្វើល្អចំពោះខ្ញុំបម្រើ ឬកម្មករ។ តាមពិត នៅថ្ងៃបុណ្យ Saturnalia ចៅហ្វាយនាយ ត្រូវធ្វើការបម្រើដល់ ខ្ញុំបម្រើ/កម្មករ និងបម្រើម្ហូបអាហារដល់ពួកគេ។ ប្រពីណីនេះ ស្ថិតស្ថេរមកទល់សព្វថ្ងៃ ដោយមានការជូនអំណោយ និងផ្ដល់រង្វាន់បន្ថែមនៅថ្ងៃបុណ្យគ្រិស្តម៉ាស។ ពិធីបុណ្យនេះ បានចាប់ផ្ដើមឡើង តាំងពីមួយពាន់ឆ្នាំ មុនព្រះយេស៊ូកើតម៉្លេះ។

ព្រះយេស៊ូជាអ្នកណា?
រឿងរ៉ាវរបស់ព្រះយេស៊ូ គឺជារឿងមួយដ៏ជាទីចាប់អារម្មណ៍។ មាតារបស់ព្រះអង្គ គឺ Virgin Mary ដែលមានន័យថា ម៉ារីក្រមុំ។ នាងម៉ារី ត្រូវបានព្រះអាទិទេព ធ្វើអោយមានផ្ទៃពោះ បង្កើតបានបុត្រាមួយព្រះអង្គ ដើម្បីសង្គ្រោះមនុស្សលោក អោយរួចផុតពីអំពើបាប។ នាងម៉ារី ត្រូវបានរៀបការជាមួយនឹងជាងឈើម្នាក់។ ពួកគេបានធ្វើដំណើរ ពីភូមិមួយទៅភូមិមួយ ហើយបានឈប់សម្រាកនៅបេត្លេហឹម នគរអ៊ីស្រាអែល ដើម្បីសម្រាលបុត្រ។ ដោយសារនាងម៉ារី និងលោកយ៉ូសែហ្វ ក្រតោកយ៉ាពេកក មិនអាចជួលបន្ទប់ផ្ទះសំណាក់ ក៏សម្រេចដេក ជាមួយសត្វនៅក្នុងក្រោល (នៅកន្លែងដាក់ចំណីអោយសត្វស៊ី)។

រឿងនេះ មានសណ្ឋានប្រហាក់ប្រហែលគ្នា នឹងរឿងវីរបុរស ពីសម័យបុរាណឯទៀតៗ ដែលម្ចាស់ក្សត្រិយនៅសុខៗ ស្រាប់មានទម្ងន់ គឺច្បាស់ជាស្នាដៃព្រះអាទិទេព។ បន្ទាប់មក នារីនោះ ត្រូវបានរៀបការជាមួយនឹងបុរសណាម្នាក់ ដែលមិនមែនជាឳពុក ហើយកូនកើតមក ចម្រើនវ័យដឹងក្ដី ឆ្ងាយទំនាក់ទំនងពីឳពុកចុង។ ឧទាហរណ៍ នៅក្នុងនិទានក្រិក មាន ហ៊័រគូលីស (Hercules) និង ភ័រស៊ីយុស (Perseus)។ ចំណែកនៅក្នុងរឿងនិទានខ្មែរ គឺមានព្រះពោធិសត្វ សុវណ្ណសាមកុមារ ដែលជាបុត្ររបស់តាបស ទុកូល និងតាបសនី បារិកា ដោយគ្រាន់តែតាបស ស្ទាបអង្អែលពោះ តាបសនី នៅពេលមានរដូវ ក៏ចាប់មានគភ៌ ប្រសូត្របានបុត្រាមួយ។

រាត្រីនៃថ្ងៃដែលព្រះយេស៊ូត្រូវបានប្រសូត្រ មានផ្កាយរះភ្លឺចាំងមេឃ។ ការណ៍នេះ ត្រូវបានគេចាត់ទុកជាសញ្ញាថា ព្រះយេស៊ូ គឺជាព្រះរាជបុត្ររបស់ព្រះអាទិទេព។ នៅក្នុងហេតុការណ៍ប្រវត្តិសាស្ត្រ គឺមានផ្កាយរះចិញ្ចែងនៅក្នុងខែមេសា, ពុំមាននៅក្នុងខែធ្នូទេ។

ព្រះយេស៊ូ ត្រូវបានចិញ្ចឹមបីបាច់រក្សា អោយធំដឹងក្ដីឡើងជាជាជាតិយូដា (Jew)។ ជាក់ស្ដែង ព្រះយេស៊ូ ពុំមានទំនាក់ទំនងជិតស្និទ្ធ ជាមួយលោក យ៉ូសែហ្វ ជាឳពុកចុងនោះទេ។ មានរឿងតិចតួចណាស់ ដែលគេដឹងអំពីព្រះយេស៊ូ នៅចន្លោះពេល ចាប់ពីថ្ងៃកើត ដល់ព្រះអង្គមានព្រះជន្មាយុ ៣០ ព្រះវស្សា។

ពេលព្រះអង្គមានព្រះជន្មាយុ ប្រមាណ៣០ ព្រះវស្សា ព្រះអង្គបានចាប់ផ្ដើមសកម្ម ជាមួយនឹងសាសនា និងនយោបាយ។ ព្រះយេស៊ូ មានការជំទាស់ខ្លាំងក្លា ចំពោះអភិបាលកិច្ចទៅលើព្រះវិហារយូដា។ ការប្រឆាំងនេះ បានធ្វើអោយពួកយូដា និងអធិរាជរ៉ូម៉ាំង ក្រេវក្រោធយ៉ាងខ្លាំង។ ពួកគេបានសម្រេចធ្វើឃាតព្រះអង្គ ដោយការដាក់ឆ្កាង (ដំដែកគោលនៅលើដៃជើងភ្ជាប់នឹងឈើឆ្កាង ហើយដោតព្យួរចោល)។

បីថ្ងៃក្រោយ បន្ទាប់ពីការសុគតរបស់ព្រះអង្គ, ព្រះយេស៊ូត្រូវបានគេជឿថា បានមានព្រះជន្មរស់ឡើងវិញ។ ព្រះយេស៊ូ គឺជាបុត្ររបស់ព្រះអាទិទេព ដែលបញ្ចូនមកពីស្ថានសួគ៌ ចុះមកផែនដី ដើម្បីលាងបាបរបស់មនុស្សលោក។ ថ្ងៃដែលគេជឿថា ព្រះអង្គបានរស់ឡើងវិញ ហើយវិលត្រឡប់ទៅឯព្រះវរបិតាវិញនោះ គេហៅថា Easter Sunday ។

គ្រិស្ដសាសនា និងព្រះគម្ពីរប៊ីប
គ្រិស្ដសាសនា គឺផ្អែកនៅលើការណ៍ពិតថា មនុស្សទាំងអស់ សុទ្ធតែមានបាប, ហើយមនុស្សមានបាប ពុំអាចស្គាល់ព្រះអាទិទេពដោយពិតប្រាកដឡើយ។ ព្រះយេស៊ូ ត្រូវបានព្រះអាទិទេព បញ្ជូនមកផែនដី ដើម្បីអនុញ្ញាតអោយមនុស្សលោក អាចស្គាល់ព្រះអាទិទេព និងទទួលការសង្គ្រោះ (ឡើងទៅស្ថានសួគ៌)។

ដូចគ្នានឹងគម្ពីរពុទ្ធសាសនា ដែលត្រូវបានចងក្រងឡើងដោយសាវ័កព្រះពុទ្ធ នៅបួនរយឆ្នាំបន្ទាប់ពីការសុគតរបស់ព្រះអង្គដូច្នោះដែរ, ព្រះគម្ពីរសញ្ញាថ្មី ក៏ត្រូវបានសរសេរដោយ សាវ័ករបស់ព្រះយេស៊ូ, ពុំមែនត្រូវបានសរសេរឡើង ដោយព្រះអង្គផ្ទាល់ឡើយ។ គម្ពីរសញ្ញាថ្មីចងជាសាវតារនៃជីវិតព្រះយេស៊ូ និងបង្រៀននូវការទូន្មានរបស់ព្រះអង្គ។

ដើមគ្រិស្ដម៉ាស
ប្រពៃណីដើមគ្រិស្ដម៉ាស គឺមានប្រភពចេញពីប្រទេសអាល្លឺម៉ង់ និងអឺរ៉ុបប៉ែកខាងជើង។ ជនជាតិអាល្លឺម៉ង់ ធ្លាប់គោរពបូជាព្រលឹងធម្មជាតិ។ ដើមឈើមួយ ដ៏ជាទីសក្ការៈជាងគេ គឺដើមឈើព្រលឹងវិញ្ញាណ។ នៅសម័យនោះ ប្រទេសអាល្លឺម៉ង់ ត្រូវបានគ្របដណ្ដប់ដោយព្រៃព្រឹក្ស ដែលលាតសន្ធឹងដាច់កន្ទុយភ្នែក។ សង្ឃគ្រិស្ទានម្នាក់ បានព្យាយាមផ្លាស់សាសនាជនជាតិអាល្លឺម៉ង់ ពីការគោរពបូជាចំពោះព្រលឹងវិញ្ញាណធម្មជាតិ មកការគោរពព្រះយេស៊ូវិញ។ គាត់បានប្រាប់អោយជនជាតិអាល្លឺម៉ង់ កាត់ដើមឈើជាទីសក្ការៈនោះ យកទៅដាក់នៅក្នុងផ្ទះ ដើម្បីគោរពបូជាចំពោះព្រះយេស៊ូ។ ប្រពីណៃនេះ ស្ថិតស្ថេរមកដល់សព្វថ្ងៃ។

សាន់តាក្លូស
សាន់តាក្លូស គឺជាប្រពៃណីថ្មីក្រោយមកទៀត។ រឿងនេះ គឺចាប់ផ្ដើមឡើង ជាមួយនឹងមនុស្សចិត្តបុណ្យដូចព្រះម្នាក់ឈ្មោះ St. Nicholas ដែលជាអ្នកមានស្តុកស្ដម្ភម្នាក់នៅអាល្លឺម៉ង់។ ថ្ងៃមួយលោកកំពុងជិះសេះដើរកាត់ព្រិលដ៏ត្រជាក់នៃរដូវរងា ហើយបានពើបប្រទះនឹងអ្នកក្រម្នាក់ នៅកណ្ដាលវាលព្រិល រងាញ័រចំប្រប់ ដោយសារគ្មានអាវរងា។ លោក នីកូឡាស បានកាត់បន្ទះក្រណាត់សម្រាប់ជិះសេះ(ភួយធំ)របស់គាត់ ជាពីរកំណាត់។ លោកបានប្រគល់ភួយពាក់កណ្ដាល ទៅអោយបុរសកំសត់នោះ។ ភួយមួយកំណាត់នោះ បានជួយគាត់អោយរួចរស់ជីវិត។ រីឯជនជាតិក្រិក ក៏មាន St. Nicholas របស់គេផ្ទាល់។ ចំណែកជនជាតិហូឡង់ដ៏ ក៏មានតួអង្គរបស់គេមួយដែរ ឈ្មោះថា សាន់ទ័រក្លូស (Santerclaus) ។

នៅមានការជះឥទ្ធិពលផ្សេងទៀត មកពីអឺរ៉ុបខាងជើង ដូចជា "Father Christmas − បិតាគ្រិស្តម៉ាស" ដែលមានពុកចង្កាពណ៌.ស។ រឿងនេះ មានជាប់ទាក់ទងផ្ទាល់ ទៅនឹងព្រះអាទិទេព អូឌិន ដែលជាអាទិទេពរបស់ជនជាតិ នរវេយ៍ (Norse God Odin) គង់នៅភព អាសហ្ការដ៍ ដែលត្រូវបានធ្វើអោយល្បីល្បាញជាថ្មី តាមរយៈភាពយន្តរឿង Thor ។

សាន់តាខ្លូសសម័យទំនើប គឺបានមកដល់នៅក្នុងទសវត្ស ១៩៣០ តាមរយៈការផ្សាយពាណិជ្ជកម្មរបស់ក្រមហ៊ុនទឹកភេសជ្ជៈ កូកាកូឡា និងបទចម្រៀងក្នុងឆ្នាំ ១៩៣៤ ដែលមានចំណងជើងថា "សាន់តាក្លូស កំពុងមកកាន់ភូមិ − Santa Claus is Coming to Town"។ អាវធំពណ៌ក្រហមដែលជានិមិត្តរូប គឺជាពណ៌របស់ក្រុមហ៊ុនភេសជ្ជៈ កូកា កូឡា។

ការរួមបញ្ចូលគ្នា ជាមួយនឹងទឹកចិត្តនៃការជូនអំណោយ តាមប្រពៃណី, យើងទទួលបានក្ដីសុបិននៃការស្វែងរកទីផ្សារមួយ យ៉ាងប្រសិទ្ធ ដែលហៅថា បុណ្យគ្រិស្តម៉ាស!!!

0 comments:

Post a Comment