Excessive sweating is an illness and can be treated!

Friday, June 6, 2014

ប្រាសាទបុរាណភ្នំចៅស្រីវិបុលកេរ្តិ៍

នៅលើភ្នំដ៏តូចច្រឡឹងមានប្រាសាទ មួយល្អវិចិត្រ គឺប្រាសាទ “ចៅស្រី វិបុលកេរ្តិ៍” ក៏ប៉ុន្តែសព្វថ្ងៃប្រាសាទ នេះរងនូវការបាក់បែកខូចខាត ស្ទើរតែទាំងស្រុងដោយសារធម្មជាតិ និង សង្គ្រាមផ្ទៃក្នុងរ៉ាំរ៉ៃអស់ជិតសាមសិប ឆ្នាំ ។ ប្រាសាទបុរាណបាក់បែកស្ទើររលាយនេះកំពុង តែត្រូវការឱ្យមានការថែរក្សា និង អភិវឌ្ឍឡើងវិញដូច ប្រាសាទបុរាណផ្សេងៗទៀតនៅខេត្តសៀមរាបដែរ ។
យើង​ធ្វើ​ដំណើរ​ទៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ពី​ភ្នំពេញ​ទៅ​សៀមរាប​ហើយ​បត់​ចូល​ត្រង់​ភូមិ​រលួស​សសៀរ តាម​ផ្លូវ​មុខ​សាលា​ស្រុក​សូទ្រ​និគម ចម្ងាយ​ប្រមាណ​ជាប្រាំ​​ពីរគីឡូ​ម៉ែត្រ នៅ​ទិស​ខាង​ជើង​នៃ​សាលា​ស្រុក​ យើង ​នឹង​បាន​ឃើញ​ផ្លូវ​លំមួយ​ក្រាល​ក្រួស​ក្រហម​ទៅ​ត្រង់​យើង​នឹង​ទៅ​ដល់​ភ្នំ​ស្រីវិបុលកេរ្តិ៍ ​។​ កាល​បើ ​ទៅ​ដល់​ភ្នំនេះ ជាបឋម​យើង​ប្រទះ​ឃើញ​វត្ត​មួយ​យ៉ាង​សមរម្យ​នៅ​អែប​ជើង​ភ្នំ​នោះ ​។ បើ​តាម​សម្តី​អ្នក​ស្រុក​និយាយ​ថា ​វត្ត​នេះ ​កាល​ពីដើម​នៅឯ​កំពូល​ភ្នំឯ​ណោះ​ទេ តែ​ព្រះ សង្ឃ​ចេះ​តែមាន​ជំងឺ​ទើប​មូល​មតិ​គ្នា​លើក​វត្ត​មក​នៅ​ជើង​ភ្នំ​វិញ ទុក​តែ ​ព្រះវិហារ​មួយ​នៅ​លើ​នោះ ​។ ជណ្តើរ​ដែល​ឡើង​ទៅ​លើ​ភ្នំ​នោះ​មាន​បួន​ ប៉ុន្តែ​សព្វ​ថ្ងៃ​សល់​តែ​ជណ្តើរ​ ពីរ​ទេ​ដែល​ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ឡើង​ទៅ​ទស្សនា​ប្រាសាទ​ គឺ​ជណ្តើរ​ខាង​ លិច​ និង​ ខាង​ជើង​ ​។​ នៅ​តាម​ បណ្តោយ​ជណ្តើរ​ទាំង​អស់​សុទ្ធ​តែ​មាន​រូប​ចម្លាក់​ ខ្លោង​ទ្វារ​ថ្ម​រចនា​បថ​បែប​ខ្មែរ​បុរាណ ​ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​បាន​រង នូវ​ការ​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង​ទៅ​ហើយ​ ។​ ចំណែក​តួ​ប្រាសាទ​វិញ​កំពុង​រង​នូវ​ការ​បាក់បែក​ដួល​រលំ​ដោយ​សារ ​សំណឹក​ធម្មជាតិ​និង​សង្គ្រាម​កាល​ពី​ជាង​សាម​សិប​ឆ្នាំ​មុន​ ។​ គួរ​បញ្ជាក់​ផង​ដែរ​ថា ​កាល​ពី​សម័យ​បន​ប្រល័យ​ ពូជសាសន៍​ប៉ុលពត​នៅ​លើ​ភ្នំ​ចៅស្រីវិបុលកេរ្តិ៍​នេះ ​ជា ចំណុច​សង្គ្រាម​យ៉ាង​ក្តៅ​គគុក​រវាង​កងទ័ព​សាធារណរដ្ឋ​ខ្មែរ ​និង​ទាហាន​ប៉ុលពត​ហើយ​ទីតាំង​ទាហាន​ព្រៃ ​ប៉ុល ពត គឺ​ស្ថិត​នៅ​ជុំវិញ​ភ្នំ ​នេះ​តែ​ម្តង ​។​ តាម​អ្នក​ស្រុក​ឱ្យ​ដឹង​ថា ​ច្បាំង​លើក​ណា​ក៏​កង​ទ័ព​ប៉ុល ពត​ ពុំ​អាច​ធ្វើអ្វី​កង​ទ័ព​សាធារណរដ្ឋ​ខ្មែរ​បាន​ដែរ ​ដោយ​សារ ​បារមី​ភ្នំ​ និង​ ប្រាសាទ​ចៅស្រីវិបុលកេរ្តិ៍​ជួយ​ថែរក្សា​ការពារ​បិទបាំង​ ។
លោក​តា រឹម ហ៊ាប​ អាយុ​ហុក​សិប​ប្រាំ​បី​ឆ្នាំ​ មាន​ទីលំ​នៅ​អែប​ជើង​ភ្នំបាន​ មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ​កាល​ពី​ ដើម​ឡើយ​បារមី​ប្រាសាទ​នេះ​ពូ​កែ​ស័ក្តិសិទ្ធិ​ណាស់ ​រូប​គាត់​ និង​ អ្នក​ស្រុក​ ពេល​ឡើង​ភ្នំ​នេះ​ម្តង​ៗពុំ​ហ៊ាន និយាយ​អ្វី​ផ្តេស​ផ្តាស​ទេ​ព្រោះ​ខ្លាច​បារមី​ព្រះ​កម្ចាយ​ដែល​តែង​តែ​ធ្វើ​ឱ្យ​ចុក​ញេះ​ ឬ​ ឈឺ​ស្លាប់​ បើ​ហ៊ាន​និយាយ​ ពាក្យ​ពុំ​សម​គួរ​ឬ​សើច​ឡកឡាយ ​។ លុះ​ដល់​ជំនាន់​ ប៉ុល ពត ​រូប​ចម្លាក់​នោះ ​ត្រូវ​បាន​ពួក​ទាហាន​នាំគ្នា​សែង​ទៅចោល​ក្នុង​ព្រៃ​មួយ​កន្លែង​នៅ​ជើង​ភ្នំ ​ហើយ​កន្លែង ដែល​ចោល​រូប​ចម្លាក់​ព្រះ​កម្ចាយ​នោះ ​អ្នក​ស្រុក​ ពុំ​ហ៊ាន​ដើរ​ទៅ​ក្បែរ​ទេ​ព្រៃ​នោះ ​ក៏​ក្លាយ​ជា​ព្រៃ​រហោស្ថាន​រហូត​សព្វ​ថ្ងៃ​ ហើយ​បារមី​នោះ​ក៏​ត្រូវ​បាន​សាប​រលាប ​បន្តិច​ម្តង​ៗ​រហូត​ដល់​សព្វ​ថ្ងៃ​ ។ ​នៅ​លើ​ភ្នំ​នេះ ​នៅ​អែប​នឹង​តួ​ប្រាសាទ​ដែល​ដួល​ រលំ​ខ្លះ​ទៅ​ហើយ​ ហើយ​ត្រូវ​​បាន​អាជ្ញា​ធរអប្សរា​យក​ឈើ​ទល់​ច្រូងច្រាង​រៀប​ចេញ​ ​ជា​រាង​ប្រាសាទ​ឡើង​វិញ​ តែ​សោភណ្ឌ​ភាព ​និង​ រូប​ចម្លាក់​ នៅ​តាម​តួ​សិលា​ពុំ​មាន​សេស​សល់​ទេ​ ដោយ​សារ​ពួក​ជនទុច្ចរិត​កាត់​ក្បាល​យក​ទៅ​លក់​ឱ្យ​បរទេស​អស់ ​មួយ​ចំនួន​ធំ ​។ បច្ចុប្បន្ន​នេះ​មាន​សេសសល់​បំណែក​ដង​ទង់​បុរាណ​ដែល​ធ្វើ​ឡើង​ ​ពី​ដើម​ជើង​ចាប​ព្រៃ​ បាក់​បែក​ដេក​រដូក​រណែល​នៅ​ជិត​នោះ​ ​។​ ​ដង​ទង់​បុរាណ​នោះ ​ហើយ​ដែល​អ្នក​ស្រុក​មាន​ជំនឿ​ថា​មាន​ឫទ្ធិ​បារមី​ពូកែ​អាច​ព្យាបាល​ជំងឺ​ផ្សេង​ៗ​បាន​ ជា​ពិសេស​ចំពោះ​ទារក​ទើប​នឹង​កើត ​គេ​តែង​តែ​ស្ទោះ​យក​បំណែក​ឈើ​នេះ​ទៅ​ដាក់​លើ​ក្បាល​ដំណេក​ដើម្បី​សុំ​សេចក្តី​សុខ​ សប្បាយ​ជា​នា​ពី​ជំងឺ​ផ្សេង​ៗ ​។ លោក​តា​រៀប​ រាប់​ទៀត​ថា ​ជា​រៀង​រាល់​ថ្ងៃ​សីល ​គេ​តែង​ឮ​សូរ​សំឡេង​ភ្លេង​ ពិណញ​ទ្យ​ប្រគំ​ល្វើយ​ៗ​ពី​លើ​កំពូល​ប្រាសាទ​ តែ​បច្ចុប្បន្ន​ជួន​កាល​ឮ ​ជួន​កាល​ក៏​អត់ ​។ ​ចំណែក​ព្រះវិហារ​ លើ​ភ្នំ​វិញ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ទៅ​ហើយ​ នៅ​ទិស​ខាង​កើត​ប្រាសាទ​យើង ​ឃើញ​មាន​ចេតិយ​ដ៏​ចំណាស់ ពីរ​ទន្ទឹម​គ្នា​ដែល​ជា​ផ្នូរ​លោក​គ្រូ​​សង្គ្រាជ​វត្ត​កាល​ពី ​ប្រមាណ​ហា​សិប​ឆ្នាំ​មុន ​ស្ថិត​នៅ​ជម្រាល​ភ្នំ​ពី​ក្រោម​ដើម​ចន្ទន៍ ​។ រី​ឯ​នៅ​ជុំវិញ​តួ​ប្រាសាទ​មាន​ចេតិយ​បុរាណ​ចំនួន​បី​ដែល​ល្បី​ត​ៗ​គ្នា​មក​ថា​ជា​ចេតិយ​របស់​ព្រះបាទ យសកេរ្តិ៍ ​និង ​ព្រះមហេសី ​ព្រម​ទាំង​បុត្រា​ព្រះ​នាម​ព្រះបាទ ចៅស្រីវិបុលកេរ្តិ៍ ។
ទាក់​ទង​ទៅនឹងប្រាសាទចៅស្រីវិបុលកេរ្តិ៍នេះដែរ ក៏មានរឿងនិទានបុរាណ តំណាលថា ៖
កាលពីដើមឡើយមានព្រះមហាក្ស​ត្រមួយព្រះអង្គព្រះនាម យសកេរ្តិ៍ គ្រង រាជ្យនៅដែនសិម្ពលី មានមហេសីព្រះនាម សុវណ្ណមាលា ។ ទ្រង់មានព្រះទ័យប្រកបដោយធម៌សប្បុរស ថ្ងៃមួយ​មានមហាក្សត្រនគរជិតខាងមានក្តីលោភលន់ចង់បានព្រះនគរក៏លើកពលរេហ៍មកច្បាំងដណ្តើមយក​ទឹកដី ។ ព្រះរាជាត្រាស់ហើយទ្រង់នឹកអាណិតដល់ប្រជានុរាស្ត្រ ក៏សម្រេចព្រះទ័យភៀសព្រះអង្គ និង មហេសី យាងទៅគង់ក្នុងព្រៃទុកនគរឱ្យរាជា អង្គនោះសោយរាជ្យតទៅ តែរាជា​អង្គ​នោះ​នៅ​តែតាម​ចាប់ព្រះអង្គទាល់តែបាន មកធ្វើទុក្ខទោសយ៉ាងព្រៃផ្សៃ ។ ពេលនោះព្រះនាង សុវណ្ណមាលា គង់នៅតែ អង្គឯង ណាមួយផ្ទៃជិតគ្រប់ខែផង ។
ចំណេរក្រោយមកប្រមាណជាដប់ប្រាំដប់ប្រាំមួយឆ្នាំ រាជកុមារតែងតែសួរ រកបិតា លុះដឹងសព្វគ្រប់ហើយ​ ក៏​សុំ​មាតា​ទៅ​រំដោះ​បិតា​តែ​មាតា​ផ្តាំ​ថា “បើកូនទៅ កុំឱ្យហួសប្រាំពីរឆ្នាំ បើហួសម្តាយនឹងបែកទ្រូងស្លាប់មិនខាន” ។ លុះ​បាន​ជួប​បិតា​ហើយ​ត្រូវ​ជា​វេលា​ដែល​ត្រូវ​ប្រហារ​ជីវិត​ព្រះបាទ​ យសកេរ្តិ៍ ព្រះបាទ វិបុលកេរ្តិ៍ ក៏សុំស្លាប់ជំនួសព្រះបិតា រាជាអង្គនោះក៏យល់ព្រម តែជាការអស្ចារ្យណាស់ ដាវ ពេជ្ឈឃាត​ក៏​ប្រែ​ទន់​ដូច​សំឡី​ ពុំអាចសម្លាប់ព្រះអង្គបានឡើយ ។ ដោយហេតុចម្លែក ដូចនេះរាជាអង្គនោះក៏ភ្ញាក់ព្រះអង្គ ហើយប្រគល់នគរឱ្យព្រះបាទយសកេរ្តិ៍វិញ ប្រជានុរាស្ត្រ​​នឹក​​ស្ងើច​អំណាច​ព្រះរាជ​កុមារ​គ្រប់​ៗ​គ្នា​ក៏​រៀប​ចំ​អភិសេក​ព្រះ​ស្រីវិបុលកេរ្តិ៍ពេលនោះទៅ ។​ព្រះរាជកុមារក៏ប្រាប់ពីបណ្តាំមាតាឱ្យបិតាដឹងថា ជា យប់គម្រប់ទីប្រាំពីរហើយក៏រូតរះទៅជួបមាតា តែតាម​ផ្លូវ​ជួប​ឧបសគ្គ​ទម្រាំ​ទៅ​ដល់​ព្រះមាតា​ស្លាប់​ទៅហើយ ។ ព្រះអង្គវិតក្កជាខ្លាំងក៏សម្រេចចិត្តផ្ទំទ្រម​ ឈូសមាតា រហូតសុគត ។ ហេតុដូច​នេះ​ហើយ​ទើប​នៅ​ផ្តែរ​ខ្លោង​ទ្វារ​ខាង​លិច​មាន​រូប​ចម្លាក់ មនុស្សប្រុសទ្រមឈូសរាងផ្កាឈូក ដែលតំណាងឱ្យព្រះបាទ ស្រីវិបុលកេរ្តិ៍ ផ្ទំទ្រ មឈូសព្រះមាតា ប៉ុន្តែ​សព្វ​ថ្ងៃ​ចម្លាក់​នេះ​បាត់​បង់​សោភណភាពដើមអស់ទៅ ហើយ ។ កន្លែងដែលទ្រង់ផ្ទំទ្រមឈូសនោះក៏ត្រូវព្រះបិតាសាងជាប្រាសាទឡើង ហើយប្រសិទ្ធនាមថា “ប្រាសាទចៅស្រីវិបុលកេរ្តិ៍” ។
រហូត​មកទល់សព្វថ្ងៃនេះ រមណីយដ្ឋានប្រាសាទនេះមានសភាពស្ងាត់ជ្រងំ ដោយជាទូទៅក្នុងមួយថ្ងៃមានភ្ញៀវ​តែ​បួន​ទៅ​ប្រាំនាក់​ប៉ុណ្ណោះ​ដែល​ទៅ​ទស្សនា ឬ ស្ទើរតែគ្មាន ហើយសុទ្ធសឹងជាភ្ញៀវបរទេសប៉ុណ្ណោះ ៕

0 comments:

Post a Comment